ជំនឿ
មនុស្សដែលរស់នៅក្នុងសម័យបច្ចុប្បន្ន ពុំសូវជឿទេរឿងបុណ្យ បាប នរក សួគ៌ ព្រមទាំងខ្មោច ព្រាយ បិសាចជាដើម ។ គេច្រើនតែជឿ និងផ្អែកជំនឿរបស់គេទៅនឹងវិទ្យាសាស្ត្រ ដែលគេយល់ថាមានហេតុផលជាក់លាក់ជាង ។ ជំនឿដែលបុព្វបុរសធ្លាប់ជឿនោះ គឺជាជំនឿប្រាសចាកនូវហេតុ ផលពិត ។ការចូលចិត្តរបៀបនេះ មានភាគច្រើនបំផុតចំពោះអ្នកដែលបានរៀនសូត្រ មានចំណេះដឹងចូលចិត្តខាងផ្នែកវិទ្យាសាស្ត្រខ្លាំង ។ ប៉ុន្តែការដែលគេចូលចិត្តថាយ៉ាងនេះ គេមិនបានសិក្សាឲ្យស៊ីជម្រៅទៅលើជំនឿដែលបុព្វបុរសធ្លាប់ជឿ នោះក៏ទេ ។ ដោយសម្អាងលើហេតុផលវិទ្យាសាស្ត្រ គេក៏បោះបង់ចោលជំនឿចាស់ដែលខ្មែរធ្លាប់ជឿ ទុកចិត្ត និង គោរពប្រតិបត្តិមកអស់កាលអង្វែងមកហើយ ។
អ្នកខ្លះក៏បានពិចារណាលើរឿងបុណ្យ បាប នរក សួគ៌ នេះដែរ តែពិចារណាមិនយល់ ក៏តោងហេតុផលថា បាប នរកនោះគឺស្ថិតនៅលើពពួកមនុស្សដែលគ្មានទីជម្រក អនាថា អ្នកសុំទាន ឬការដាក់ទារុណផ្សេងៗ ដូចមានក្នុងពន្ធនាគារជាដើម ដែលគេធៀបថាជានរកនោះ អ្នកខ្លះថានរកស្ថិតនៅក្នុងខ្លួនមនុស្ស នៅក្នុងចិត្តនោះឯង ។ បើកាលណាចិត្តក្ដៅក្រហាយ ខ្លួននោះឯងជានរក ភូមឋានផ្ទះសម្បែងសម្រាប់រស់នៅជានរក ។ ឯសួគ៌វិញបានដល់ពពួក មនុស្សដែលមានវណ្ណៈ បុណ្យស័ក្ដិខ្ពង់ខ្ពស់ បានដល់សេចក្ដីសុខខាងទ្រព្យ ខាងអារម្មណ៍ ។ល។ រួចគេទាញសន្និដ្ឋានមកថា នរក សួគ៌ គឺមាននៅស្ថានមនុស្សលោកយើងនេះឯង មិនមាននៅខាងលើ ឬ ខាងក្រោមដូចដែលគេធ្លាប់ជឿមកទេ ។ ចំណែកខាងវិទ្យាសាស្ត្រ ដែលស្រាវជ្រាវនរក សួគ៌នេះ លុះស្រាវជ្រាវអស់សមត្ថភាពមិនបានឃើញនរក សួគ៌ប្រាកដនៅទីណាក៏បដិសេធថាមិនមាននរក សួគ៌ ។
តើនរក សួគ៌ដែលបុព្វបុរសធ្លាប់ជឿ មានទាំងឆ្លាក់ទុកជាប់នឹងផ្ទាំងសិលា ក្នុងអក្សរសិល្ប៍ផ្សេងៗ គឺជាជំនឿមិនត្រឹមត្រូវឬយ៉ាងណា? ឬក៏គ្រាន់តែជាការបោកបន្លំឲ្យយើងជឿ ដើម្បីឲ្យមនុស្សខ្លាចរអា ខំធ្វើតែអំពើល្អ ចៀសវាងនូវអំពើអាក្រក់?
ទាក់ទងទៅនឹងបញ្ហាបាប បុណ្យ នរក សួគ៌អស់នេះ សៀវភៅ “ជំនឿចាស់ មនុស្សថ្មី” របស់អ្នកនិពន្ធ សុង ស៊ីវ បានពន្យល់យ៉ាងក្បោះក្បាយជាទីបំផុត ។ សូមរកជាវមកអានដើម្បីកើនសតិបញ្ញា ។
ខ្ញុំសូមដកស្រង់ហេតុផលមកខ្លះៗដូចខាងក្រោម ៖
ប្រសិនបើយើងចូលចិត្តថា នរក សួគ៌ នេះមិនមានទេ នោះព្រះពុទ្ធគោត្ដម ដែលយើងគោរពបូជាសព្វថ្ងៃ ក៏ពុំមានន័យអ្វីឲ្យយើងគោរពទៀតដែរ ព្រោះព្រះអង្គបានយករឿងនរក សួគ៌នេះដើម្បីបោកបញ្ឆោតពុទ្ធបរិស័ទប៉ុណ្ណោះ ។ ឬប្រសិនបើយល់ថា ព្រះពុទ្ធអង្គមិនបានសម្ដែងអំពីនរក សួគ៌នេះទេ ក្រែងស្មៀនដែលសរសេរជាគម្ពីរមានការភាន់ច្រឡំ ឬការចម្លងតៗគ្នាមកពុំត្រឹមត្រូវ មានជាក់ច្បាស់ក្នុងព្រះនាមទាំង ១០ របស់ព្រះអង្គមកស្រាប់ គឺត្រង់ព្រះនាមទី ៥ ថា “លោកវិទូ” ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គឺលោកទាំងបី មានទេវលោក មនុស្សលោក និង យមលោកនោះឯង ។
បើយើងយល់ថា នរក សួគ៌មិនមានទេ ព្រោះភ្នែកយើងមើលមិនឃើញនោះ ត្រូវលុបព្រះកិត្តិនាមថា “លោកវិទូ” មួយនេះចោលទៅ ទុកត្រឹម ៩ បានហើយ ព្រោះព្រះអង្គអន់ជាងយើង អន់ជាងអ្នកវិទ្យាសាស្ត្រ គ្រាន់តែគូរផែនទី ធ្វើកែវឆ្លុះទុកឲ្យយើងមើលឃើញសួគ៌ នរកផងមិនកើត ។
ចំពោះការគូរផែនទី ធ្វើកែវឆ្លុះ ធ្វើយាន សម្រាប់ឆ្លុះមើលឲ្យឃើញ សម្រាប់ឲ្យទៅដល់ស្ថាននរក សួគ៌នោះ ព្រះអង្គបានសាងទុកឲ្យសព្វគ្រប់អស់ហើយ ។ សម្រាប់អ្នកមិនជឿព្រះអង្គ មានប្រាជ្ញារាក់ គិតមិនយល់ ឲ្យយកផែនទីមកមើល យកកែវមកឆ្លុះ ឲ្យឃើញច្បាស់ផ្ទាល់ភ្នែកខ្លួនចុះ បើចង់ទៅឲ្យដល់ទាំងរស់ក៏បានទៀត អាចទៅតែមួយភ្លែតផង លឿនជាងកាំជ្រួចហោះសម័យបរមាណូនេះទៅទៀត ។
ឯផែនទី គឺកុសលាកុសលកម្មបថ ១០ កែវឆ្លុះគឺទិព្វចក្ខុវិទ្យា និងលោកិយជ្ឈាន ។ លោកអ្នកអាចស្វែងយល់ខ្លួនឯងនៅក្នុងព្រះត្រៃបិដក ជាពិសេសក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ថ្មីៗនេះខ្ញុំឃើញមានសៀវភៅពន្លឺពុទ្ធចក្ខុ ឬ ពន្លឺចក្ខុ បានចេញផ្សាយ ដែលមានដាក់លក់នៅក្នុងបណ្ណាគារ អាចរកជាវមកសិក្សាស្រាវជ្រាវបានក្នុងតម្លៃប្រហែល ២៥០០០៛ ។
ខាងលើនេះជាហេតុផលមួយបែប ហើយខ្ញុំសូមលើកមកត្រឹមប៉ុណ្ណេះ ព្រោះបើ សរសេរវែងឆ្ងាយពេក អ្នកអានប្រាកដជាធុញទ្រាន់ ។ បែបផ្សេងទៀត សូមសាកជាវសៀវភៅ “ជំនឿចាស់ មនុស្សថ្មី” ដែលខ្ញុំបានណែនាំខាងលើមកអានបន្ថែម ។
ក្នុងអត្ថបទនេះខ្ញុំមិនមានបំណងបង្ខិតបង្ខំឲ្យលោកអ្នកជឿថាពិត ជាមាននរក សួគ៌ក៏ទេ ស្រេចលើការពិចារណារបស់លោកអ្នកទៅចុះ ។ ការដែលខ្ញុំបង្ហាញនេះ គ្រាន់តែជាដំណឹងដើម្បីឲ្យ លោកអ្នកសិក្សាស្វែងយល់បន្ថែមអំពីបញ្ហា ដែលជាចម្ងល់ និង មិនមានមធ្យោបាយ ដោះស្រាយឲ្យឃើញហេតុផលពិតប្រាកដប៉ុណ្ណោះ ។ ហើយនេះក៏មិនមែនជាការចេះដឹង ឬជាគំនិតផ្ទាល់របស់ខ្ញុំដែរ គឺជាការយល់ដឹងពីអ្នកនិពន្ធ ដែលបានស្រាវជ្រាវ ចងក្រងមកយ៉ាងល្អវិសេស មានហេតុផលយ៉ាងនេះមកស្រាប់ ។
ប្រភពមកពី៖ http://4khmer.wordpress.com