Saturday, November 24, 2012

តើអ្នកតាព្រៃមានប្រវត្តិកើតឡើង​យ៉ាង​ដូចម្តេច?

 ជំនឿរ
រូបសំណាក់អ្នកតា

 អ្នកតាព្រៃ​ពុំមែនកើត​ឡើងដោយឯកឯង ឬក៏មានស្រាប់ដូចផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះ​ឡើយ គឺកើតឡើង​ ឬឧប្បតិក​ឡើង​តាមការ​សន្មត​របស់​មនុស្ស        មិនខុសគ្នាពី​អាទិទេពនោះ​ឡើយ ។ មនុស្សបង្កើតអាទិទេព     ឬអ្នកតា   ហើយ​មនុស្ស​នាំគ្នា​ជឿ    គោរពអាទិទេព    អ្នកតានោះ​វិញ ។ ចាស់ៗតែងបានដំណាល​ប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទឺមើល​មិនឃើញពន្លឺថ្ងៃ​នោះ តែងមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សា​ព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅក្នុង​តំបន់ជិតខាង​ព្រៃនោះ   ពុំដឹងច្បាស់អំពីទីកន្លែងដែលពពួក​អមនុស្ស​ទាំងនោះតាំង​នោះ​ឡើយ  ។ គេច្រើននាំគ្នាសន្មតថា      ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើ​ដើម​ឈើធំខ្អស់ជាង​គេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំ​នៅក្នុងព្រៃនោះ។   ការសម្មតនេះ ពុំមានកិច្ចធានា​ជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់​សម្គាល់ច្បាស់លាស់ថា កន្លែងនោះ​ពិតជា​លំនៅ​ស្ថាន​របស់អ្នកតានោះ​ឡើយ។ គេនៅតែមានការសង្សៃជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដ៏ របស់ទេព្រ័ក្សអ្នកនេះហើយ​    បានជាមានដុះគំនិត​ឧបកិច្ចឲ្យ​កើតមាន​ទីលំនៅ​របស់​អ្នកតាព្រៃដូច របៀបតទៅនេះ៖
ថ្មើព្រៃមួយក្រុមបានឈប់សម្រាក​រកកន្លែង​ ហូបបាយកញ្ចប់​ក្រោម​ដើមឈើធំ​មួយ​ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវ​ម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិត​នៅជិត​ប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញ​អាចម៍ឆ្កែ​មួយដុំ នៅក្បែរនោះ។ ដើម្បីបិតបាំង​ទិដ្ឋភាព​គួរអោយខ្ពើមឆ្អើម​នៅ​ពេល​បរិភោគ​បាយកញ្ចប់ គេក៏កាច់ស្លឹកឈើ​៤-៥ មែកគ្រប​អាចម៍​ឆ្កែនោះ ដរាបទាល់តែជិតបាត់​ទាំងរូប​រាង​ បាត់​ទាំងក្លិន។ គេនាំគ្នា​បិរភោគ​ដោយ​ក្សេមក្សាន្ត ដេកសម្រាកយក​កម្លាំងបន្តិច រួចក៏បន្ត​ដំណើរ​ទៅមុខទៀត។ ក្រោយមក​មាន​ថ្មើរព្រៃ​មួយក្រុម​ផ្សេងៗ​ទៀត បានមកដល់ទីនោះ​ ឃើញ​គំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាស្នាក់អាស្រ័យ​នៅ​របស់​អ្នកតា ដោយឃើញ​គេកាច់ស្លឹកឈើ​ថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះ​យូរៗទៅ នៅ​ត្រង់កន្លែងនោះមានគំនរ​ស្លឹក​ឈើ​យ៉ាង​ខ្ពស់ដែល​ធ្វើឲ្យ​អ្នកផង​ យល់ដូចៗគ្នាថា ជា​លំនៅ​របស់​អ្នកតាព្រៃ។ ដំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់​កន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេច​តាមបំណង គេក៏នាំគ្នា​សង់ខ្ទម​ត្រង់​គំនរ​ស្លឹកឈើនោះ ទុកជាទីស្នាក់នៅ​ដ៏សមរម្យរបស់អ្នកតា ហើយដើម្បី​ឲ្យ​មានជា​រូបតំណាងអ្នកតា គេក៏យកដុំថ្ម​មួយដុំ​មកដាក់​នៅលើខ្ទម​នោះទុក​ជា​និមិត្តរូប។ ចំណេរតមកក្រោយមកក្រោយទៀត អាចមានរូបចម្លាក់​ធ្វើពីឈើខ្លឹម​តំណាង​ឲ្យ​អ្នកតា ត្រូវ​បានដាក់​ជំនួស​ដុំថ្ម​ឥតរាងរៅនោះវិញ។ មាន​ខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿគាំទ្រ ទីស្ថានមួយ​ ដែលកាលពីមុនគ្មាន​អ្វី​ទាល់តែសោះនោះ ក៏ក្លាយជាទៅជាអាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមក​ផ្សែង​ធូប​ហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗមានចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូត ផ្លែឈើ ស្លាបារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់​សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្ត ឥតគ្រោះ​ថ្នកា់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ ។ល។ នេះហើយ​ជាប្រវត្តិ​របស់អ្នកតាព្រៃ តែសូមជម្រាប​បញ្ចាក់ផងដែរ​ថា អ្នកតាព្រៃមិនមែន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដូចពោល​ខាងលើទាំងអស់នោះ​ទេ។ មានអ្នកតា​ខ្លះ​ទៀត​អាចមាន​ប្រវត្តិ​ផ្សែងពីនេះ។ គឺយ៉ាងដូច្នេះហើយ បានជាអ្នកស្រុកខ្លះ​និយាយ​ថា “អ្នកតាកើតពីអាចម៍ឆ្កែ!”

No comments:

Post a Comment