Sunday, November 25, 2012

ទឹកជ្រោះភ្នំគូលេនបង្កប់ជំនឿប្រវត្តិសាស្រ្ត

 ជំនឿ
ទឹកជ្រោះភ្នំគូលេនដំណាក់កាលទី២

សៀមរាបៈ   ទន្ទឹម​នឹង​ជំនឿ​មិន​សាប​រលាប​     ភ្នំ​គូលែន​ក៏​ជា​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ    ​ដ៏​ស្រស់​ត្រកាល​ដែល​មិន​អាច ​បំភ្លេច​បាន​ ខណៈ​ដែល​លោក​អ្នក​ឈាន​ជើង​ជាន់​ទឹក​ដី​ខេត្ត​សៀមរាប​នោះ​។ ​អ្វី​ដែល​ជា​ចំណុច​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​​ទឹក​ជ្រោះ​ដែល​ហូរ​ចេញ​ពី​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ត្រជាក់​ប្រៀប​បាន​នឹង​ ទឹក​អម្រឹត​  ហើយ​​ទឹក​ជ្រោះ​នេះ​បាន​បង្កប់​នូវ​ជំនឿ​ដ៏​មុជ​ជ្រៅ​ទៅ​ក្នុង​ប្រវត្តិ​   ជំនឿ​សាសនា​​របស់​ដូន​តា​ខ្មែរ​កាល​ពី​សម័យ​កាល​ដ៏​យូរ​លង់​។
ព្រឹទ្ធា ​ចារ្យ អ៊ុង ប៊ុន ដែល​អះ​អាង​ថា លោក​បាន​រស់​នៅ​ទីនេះ តាំង​ពី​តូច​ៗ​នោះ​បាន​ឲ្យ​ដឹង​ស្រប​គ្នា​នឹង​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ថា    ភ្នំ​គូលែន​គឺជា​អតីត​រាជធានី​ខ្មែរ​នៅ​ក្នុង​សតវត្សរ៍​ទី​ ៩​   មាន​ឈ្មោះ​ថា “មហេន្ទ្របុរ:” ដែល​កសាង​ឡើង​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ ជ័យ​វរ្ម័ន​ទី ២។     ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទីកន្លែង​ដ៏​ពិសិដ្ឋ​នេះ ប្រហែល​នៅ​ចុង​សត​វត្សរ៍​ទី ៨ ដើម្បី​ប្រារព្ធ​ពិធី​ទេវ​រាជ (កម្រ​តេង ជគត រាជ) ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ពី​ការ​ត្រួត​ត្រា​របស់​ជ្វា​នៅ​ក្នុង​ ឆ្នាំ ៨០២ គ.ស (ដើម​ស.វទី ៩)​និង​ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​ក្លាយ​ទៅ​ជា ស្តេច​ចក្កវាឡ។  អស់​រយៈកាល​ជាង​មួយ​ពាន់​ឆ្នាំ​ហើយ ដែល​ជំនឿ ទំនៀម​ទម្លាប់ និង​ភាព​ស័ក្តិ​សិទ្ធិ​នៃ​ទី​កន្លែង​មួយ​នេះ​នៅ​តែ​កើត​មាន​។
លោក​ ព្រឹទ្ធាចារ្យ​បាន​បន្ត​ថា ដោយ​ឡែក​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ    ត្រូវ​បាន​គេ​មាន​ជំនឿ​ថា   ជា​ទឹក​បង្កើត​លោក ហើយ​ទឹក​ដែល​ហូរ​ធ្លាក់​នេះ បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​មហិមា​សម្រាប់​ពល​រដ្ឋ​ខ្មែរ ទាំង​សម័យ​បុរាណ   និង​បច្ចុ​ប្បន្ន។  ​ ជាក់​ស្តែង​ដូច​ជា ពល​រដ្ឋ​ខ្មែ  រ និង​បរទេស​ទាំង​អស់​បាន​ឃើញ​ស្រាប់​ពី​ការ​កសាង​ឡើង​នូវ​និមិត្ត​រូប​ព្រះ​ សិវ​លិង្គ និង​យោនី រាប់​ពាន់ ដែល​គេ​តែង​ហៅ​ថា លិង្គ​មួយ​ពាន់​ នោះ​។ និមិត្ត​រូប​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ការ​បង្កើត​លោក​។
បើ​តាម​អ្នក​ ប្រវត្តិ​វិទូ​បាន​ឲ្យ​ដឹង​យោល​ទៅ​តាម​ចក្កវាឡ​សាស្ត្រ  ​ ប្រទេស​ឥណ្ឌា​ថា   ភ្នំ​មហិន្ទ្រា  គឺ​ជា​លំនៅ​ដ្ឋាន​នៃ​ទេវទាំង​៣៣​ដែល​មាន​ព្រះ​ឥន្ទ្រ ជា​ព្រះ​រាជា ហើយ​មាន​ព្រះ​សិវៈ    ជា​អធិបតី​នៅ​លើ​កំពូល ។  ចំពោះ​ជនជាតិ​ឥណ្ឌា ភ្នំ​មហិន្ទ្រា គឺ​ជា​ភ្នំ​ហិមវីត​ ស្ដេច  ​នៃ​ពពួក​ភ្នំ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​លោក ហើយ​ទន្លេ​គង្គា គឺ​ជា​ទន្លេ​ស័ក្តិសិទ្ធិ​ដែល​គេ​គោរព​បូជា ។
គេ​មាន​ជំនឿ​ថា ទន្លេ​នេះ​ពី​ដំបូង​ឡើយ​គឺ​ជា​ទន្លេ​សួគ៌ ហើយ​ដោយ​ករុណា​ធម៌​របស់​ព្រះ​សិវៈ បាន​ជា​ទន្លេ​នេះ ក្លាយ​ទៅ​ជា​ទន្លេ​មនុស្ស​លោក ។ ដើម្បី​សម្រួល​ដល់​ការ​ហូរ​ចុះ​នៃ​ទន្លេ​នេះ ព្រះ​សិវៈ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នេះ​ហូរ​សម្រូត​ធ្លាក់​សន្សឹម​ៗ​តាម សក់​ របស់​ព្រះ​អង្គ ។
ដោយ​ហេតុ​ថា​ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា ជា​វត្ថុ​ស័ក្តិសិទ្ធិ​បាន​ជា​ជនជាតិ​ឥណ្ឌា​នាំ​គ្នា​សស្រាក់​សស្រាំ​មក​ ងូត​ ទឹក​ទន្លេ​គង្គា​នេះ ដើម្បី​លុបលាង​បាប​កម្ម​របស់​ខ្លួន    ហើយ​រំដោះ​ខ្លួន​ឲ្យ​ផុត​ពី​វដ្ដ​សង្សារ។ ក្នុង​ន័យ​ដដែល​នេះ មនុស្ស​ចំណាស់ ឬ​មាន​ជិត​ផុត​សង្ខា​របាន​ត្រូវ​ញាតិ​មិត្ត​សែង​យក​មក​ដាក់​នៅ​លើ​ ច្រាំង​ទន្លេ​នេះ ដើម្បី​ឲ្យ​បាន​រលត់​ជីវិត​នៅ​ទីនោះ ។
ដូច្នេះ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា   គឺ​ជា​និមិត្ត​រូប​ជា​សារវន្ត​នៃ​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា   ។   ត្រឡប់​មក​ស្រុក​ខ្មែរ​នៅ​គ្រា​នោះ ពពួក​អ្នក​ប្រាជ្ញ​មាន​កាតព្វកិច្ច​ស្វែង​រក​និមិត្ត​រូប​ឲ្យ​បាន​ស្រប​តាម​ ន័យ​នេះ  ។ ក្នុង​ទស្សនៈ​នេះ ភ្នំ​គូលែន និង​ស្ទឹង​សៀមរាប មាន​លក្ខណៈ​សម្បត្តិ​ស្រប​ទាំង​ស្រុង​ទៅ​លើ​បែប​ផែន​នេះ ទី​១ ដូច​បាន​ចង្អុល​ពី​មុន ភ្នំ​គូលែន​ជា​ភ្នំ​ស័ក្តិសិទ្ធិ​ដល់​ទៅ​៣​ដង ហើយ​អាច​សន្និដ្ឋាន​បាន​ថា​ ជា​ភ្នំ​នៃ​ព្រះ​ទេវទាំង​៣៣ ព្រម​ទាំង​ជា​លំនៅដ្ឋាន​នៃ​ព្រះសិវៈ ទី​២ ស្ទឹង​សៀម​រាប ប្រៀប​ហាក់​បី​ដូច​ទន្លេ​គង្គា ព្រោះ​ស្ទឹង​នេះ​ហូរ​ធ្លាក់​ចុះ​តាំង​ពី​លើ​ផ្ទៃ​រាប​នៅ​កំពូល​ភ្នំ​គូលែន    ដោយ​ឆ្លង​កាត់​ជ្រោះ​ដូច​ទន្លេ​គង្គា​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​ហិមវីត​ដោយ​ ឆ្លង​កាត់​ជ្រោះ​នានា​ដែរ ។ ចំពោះ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ និង​ព្រះ​បុរោហិត លក្ខណៈ​ទាំង​នេះ​ស្រប​គ្នា​ទាំង​ស្រុង ។
បច្ចុប្បន្ន ​ធម្មជាតិ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ហើយ​ទឹក​ជ្រោះ​ភ្នំ​គូលែន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​     ការ​ចាប់​យក​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ   ​ទាំង​នោះ​។
ម្ចាស់​តូប​ជួល​នៅ​លើ​ភ្នំ​គូលែន​ក្បែរ​នឹង​ទឹក​ជ្រោះ​ គូលែន បាន​ឲ្យ​ដឹង​ថា ភ្នំ​គូលែន  នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​សម្រាប់​ខេត្ត​សៀមរាប​។ នាង សឿង ស្រីមុំ បាន​បន្ត​ថា ភ្ញៀវ​មក​កាន់​ភ្នំ​គូលែន​នេះ  មិន​ថា  ថ្ងៃ​ធ្វើ​ការ ឬ​ក៏​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​នោះ​ទេ គឺ​មាន​ជា​ហូរ​ហែ  ដោយ​គ្រាន់​តែ​ថ្ងៃ​ឈប់​សម្រាក ឬ​ក៏​ថ្ងៃ​បុណ្យ​ជាតិ មាន​ចំនួន​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា​។
ស្រីមុំ បន្ថែម​ថា ភាគ​ច្រើន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ  បន្ទាប់​ពី​ពួក​គាត់​ឡើង​ទៅ​ទស្សនា​ព្រះ​អង្គ​ធំ​រួច​ហើយ ពួក​គាត់​នឹង​វិល​មក​កាន់​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ។ ពួក​គាត់​អង្គុយ​លេង  ​ ហូប​អាហារ   និង​អង្គុយ​ជជែក​គ្នា​លេង​យ៉ាង​ត្រជាក់​ចិត្ត​ប្រប​នឹង​ដង​ស្ទឹង​ទឹក​ជ្រោះ​ នេះ​។ បន្ទាប់​មក​ពួក​គាត់​នឹង​នាំ​គ្នា​ចុះ​ទៅ​ងូត​ទឹក​លេង​យ៉ាង​ត្រជាក់​ចិត្ត​ នៅ​ដំណាក់​ទី​មួយ និង​ទៅ​លេង​បន្ត​នៅ​ដំណាក់​ទី​២​។
ថ្វី​ត្បិត​តែ​ ឆ្ងាយ​បន្តិច​តែ​លោក​អ្នក​គួរ​តែ​លៃលក​ពេល​វេលា សម្រាប់​ដំណើរ​កម្សាន្ត​​ដ៏​រីក​រាយ​នៅ​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ ជាមួយ​ក្រុម​គ្រួសារ ក្រុម​ការងារ មិត្តភកិ្ត និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក​៕

ប្រភពមកពី៖ ភ្នំពេញប៉ុស្ត

No comments:

Post a Comment